អាមេរិកថ្លែងថាខ្លួនត្រៀមធ្វើការ ជាមួយប្រធានាធិបតីស្ដីទី កូរ៉េខាងត្បូង……

(ទីក្រុងសេអ៊ូល)៖ បន្ទាប់ពីរដ្ឋសភាកូរ៉េខាងត្បូង បោះឆ្នោតព្យួរតំណែងប្រធានាធិបតី របស់លោក យូនស៊ុកយូល កាលពីល្ងាចថ្ងៃសៅរ៍ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់ របស់ទីក្រុងសេអ៊ូលប្រកាស ត្រៀមខ្លួនធ្វើការជាមួយ ប្រធានាធិបតីស្ដីទី លោកហានដុកស៊ូ (Han Duck-soo)។ ប្រមុខការទូតអាមេរិកដែលកំពុងបំពេញបេសកកម្ម នៅមជ្ឈិមបូព៌ាចាត់ ទុកការដកតំណែងនេះជាសញ្ញាវិជ្ជមាន និងជាការបង្ហាញថាកូរ៉េខាងត្បូង ប្រកាន់យករបបប្រជាធិបតេយ្យ ដ៏រឹងមាំរបស់ខ្លួន។


លោកសន្យាធ្វើការយ៉ាង ជិតស្និទ្ធជាមួយរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់ ប្រធានាធិបតីស្ដីទី។ លោកប្លីងខិន ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅប្រទេសហ្សកដង់ (Jordan) ថាចំណុចសំខាន់បំផុត ដែលលោកយល់ឃើញ ចំពោះប្រទេសកូរ៉េខាងត្បូង នៅត្រង់ថាប្រទេសនេះនៅតែ ប្រកាន់ខ្ជាប់នូ វប្រព័ន្ធប្រជាធិបតេយ្យដ៏រឹងមាំ។ យើងអាចសម្លឹងឃើញថា ប្រទេសនេះអនុវត្តដោយសន្តិវិធី ទៅតាមស្មារតីនៃរដ្ឋធម្មនុញ្ញ។

យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយលោក ប្រធានាធិបតីហានដុកស៊ូ នៅពេលលោកទទួលតំណែង ជាប្រធានាធិបតីស្ដីទី។ ប្រមុខការទូតអាមេរិករូបនេះ ថ្លែងបន្តទៀតថារដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោនគាំទ្រយ៉ាង ខ្លាំងក្លាចំពោះប្រជាជនកូរ៉េខាងត្បូង។ យើងគាំទ្រយ៉ាងពេញទំហឹង ចំពោះសម្ព័ន្ធភាពដែកថែប រវាងប្រទេសយើងទាំង២ អាមេរិក និងកូរ៉េខាងត្បូង។

សូមរំលឹកថាអាមេរិកហាក់ ដូចជាមិនពេញចិត្តនឹង ចំណាត់ការរបស់លោក យូនស៊ុកយូលដែល ប្រកាសច្បាប់អាជ្ញាសឹកកាល ពីរាត្រីថ្ងៃអង្គារសប្ដាហ៍មុននោះទេ។ ទីក្រុងវ៉ាស៊ីនតោនប្រើភាសា ការទូតថាខ្លួនព្រួយបារម្ភអំពីបញ្ហានេះ និងសង្ឃឹមថាកូរ៉េខាងត្បូងអាច ដោះស្រាយបញ្ហាខ្វែងគំនិតគ្នា នៅក្នុងវិស័យនយោបាយផ្ទៃ ក្នុងជាតិដោយសន្តិវិធី និងស្របទៅតាមផ្លូវច្បាប់។

ក្រោយប្រតិកម្មពីអាមេរិក និងក្រោយពេលរដ្ឋសភាបោះឆ្នោត ជំទាស់នឹងច្បាប់អាជ្ញា សឹកតែបន្តិចប៉ុណ្ណោះ លោកយូនស៊ុកយូល ប្រកាសកាត់រំសាយ ច្បាប់នោះចោលវិញ។ ក្រោយមក លោកថែមទាំងបាន សូមអភ័យទោសចំពោះការធ្វើឱ្យមហាជនជាតិ និងអន្តរជាតិភ័យស្លន់ស្លោ។ ប៉ុន្តែលោកនៅតែគិតថានេះ ជាទង្វើត្រឹមត្រូវដដែល។ ឥឡូវនេះ អ្វីៗហាក់ដូចជា ជ្រុលក្បាលក្រពើអស់ទៅហើយ។ បើទុកជាលោកចង់បង្វិល ពេលវេលាឱ្យថយក្រោយ វិញក៏មិនអាចទៅរួចដែរ។

លោកយូនស៊ុកយូល នៅពេលនេះហាក់ដូចជា ស្ថិតនៅមុខកាំបិតដ៏មុតស្រួច។ បើលោកហ៊ានដើរខុសតែបន្តិច នឹងមានបញ្ហាធំ។ គេមិនត្រូវភ្លេចទេថាអ្នកចូល រួមនៅក្នុងការប្រកាសច្បាប់ អាជ្ញាសឹកនោះត្រូវបានចាប់ ខ្លួនជាបន្តបន្ទាប់ សុទ្ធតែមន្ត្រីគ្រាក់ៗ។ ឧទាហរណ៍ អតីតរដ្ឋមន្ត្រីការពារជាតិ, អតីតរដ្ឋមន្ត្រីមហាផ្ទៃ, អគ្គស្នងការនគរបាលជាតិជាដើម។ បើតុលាការរកឃើញថាពួកគេ រួមទាំងលោកយូនស៊ុកយូលផង មានទោសក្បត់ជាតិដូចការចោទប្រកាន់មែន ពួកគេអាចនឹងត្រូវកាត់ទោសប្រហារជីវិត ឬយ៉ាងហោចណាស់ក៏ ត្រូវជាប់ពន្ធនាគារជាច្រើនឆ្នាំផងដែរ។

ប៉ុន្តែលោកមិនបោះបង់ចោល ការតស៊ូជាដាច់ខាត។ លោកប្ដេជ្ញាថានឹងតស៊ូរហូត ដល់ដំណាក់កាលចុងក្រោយ ទៅតាមផ្លូវច្បាប់។ ជាបន្តទៅទៀតនេះ សភានឹងរុញសំណុំរឿងនេះ បន្តទៅតុលាការធម្មនុញ្ញដើម្បី សម្រេចថាត្រូវ ដកតំណែងជាស្ថាពរ ឬយ៉ាងណានៅក្នុងរង្វង់៦ខែទៀត។ បើដកតំណែងជាស្ថាពរ កូរ៉េខាងត្បូងត្រូវរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។ នៅសម័យអន្តរកាលនេះ លោកយូនស៊ុកយូលអាច បន្តអង្គុយនៅខុទ្ទកាល័យ របស់គាត់ដដែល។ គ្រាន់តែថាគាត់គ្មានភារកិច្ច និងតួនាទីអ្វីទាងអស់៕










Powered by Blogger.